អ្នក​ជំនាញ​សុខភាព​សាធារណៈ​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​បន្ត​គិត​ពី​ជំងី​កូវីដ​-១៩

អ្នកជំនាញ​សុខភាព​សាធារណៈ​គឺ​អ្នកឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​មានប្រសាសន៍ថា​ ​ស្ថិតិ​ចាក់​វ៉ាក់សាំង​បង្ការ​ ​ជំងឺ​កូ​វី​ដ​-​១​៩​នៅ​កម្ពុជា​គឺ​ហាក់​បាន​គ្រប់គ្រាន់​ ​តែ​ទោះជាយ៉ាងណា​លោក​នៅតែ​ជំរុញ​ឱ្យ​អ្នក​ដែល​មិនបាន​ចាក់​ដូ​ស​ជំរុញ​គ្រប់គ្រាន់​ គួរតែ​ចាក់​បន្ថែម​ ​ព្រោះថា​ ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ​ ​មិន​មាន​អ្វី​ខាតបង់​នោះ​ទេ​ ​គឺ​មានតែ​បន្ថែម​កម្លាំង​ការពារ​ដល់​រាងកាយ​ ​ជាពិសេស​កុមារ​ ​និង​ចាស់ជរា​ដែល​មាន​ប្រព័ន្ធ​ការពារ​ទន់ខ្សោយ​។​
​អ្នកឧកញ៉ា​បន្ថែម​ថា​ ​បើ​ទោះ​ជា​ជំងឺ​កូ​វី​ដ​-​១​៩​ ​មិន​កាច​សាហាវ​ដូចមុន​ក្តី​ ​ប៉ុន្តែ​ប្រជាពលរដ្ឋ​មិនគួរ​មើលស្រាល​ចំពោះ​ជំងឺ​នេះ​ឡើយ​ ​ពោល​គឺ​ត្រូវតែ​អនុវត្ត​វិធានការ​ ​៣​កុំ​ ​៣​ការពារ​ ​ដដែល​ ​ខណៈ​ដែល​ប្រទេសជិតខាង​កម្ពុជា​នៅ​មាន​អត្រា​ឆ្លង​នៅឡើយ​។​
​យោង​តាម​របាយការណ៍​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-​១​៩​ទូទាំង​ប្រទេស​ ​របស់​​​ក្រសួងសុខាភិបាល​បាន​ឱ្យ​ដឹង​ថា​ ​គិត​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​១​ ​រហូតដល់​ថ្ងៃ​ទី​១​៩​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៣​ ​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទី​១​ ​មាន​ចំនួន​ ​១​៥​,​២​៧​០​,​៨​៨​៤​នាក់​ ​ខណៈ​អ្នក​ដែល​បាន​ចាក់​ដូ​ស​ទីពីរ​ ​មាន​ចំនួន​ ​១​៤​,​៦​៣​៨​,​៦​២​៨​នាក់​ ​អ្នក​ចាក់​ដូ​ស​ទី​៣​មាន​ចំនួន​ ​១​០​,​៥​៦​៦​,​០​២​១​នាក់​ ​អ្នក​ចាក់​ដូ​ស​ទី​៤​មាន​ចំនួន​ ​៥​,​០​៥​២​,​៥​៧​៧​នាក់​ ​អ្នក​ចាក់​ដូ​ស​ទី​៥​មាន​ចំនួន​១​,​៦​៥​៦​,​៦​៦​៦​នាក់​ ​និង​អ្នក​ចាក់​ដូ​ស​ទី​៦​មាន​ចំនួន​ ​២​៤​៧​,​៤​៦​៥​៕